| គ្រួសារត្រកូលកយ |
|
|
|
| និពន្ធដោយ Heng Sovann |
| ថ្ងៃពុធ ទី07ខែតុលាឆ្នាំ2009ម៉ោង15:23 |
|
ខ្ញុំមានសេចក្ដីរីករាយក្នុងការណែនាំអំពីគ្រួសារត្រកូលកយ។ លោកពូ កយ ព្រេល ជនជាតិព្នង មានភរិយាឈ្មោះ ភួយ វ៉ាន់ ជនជាតិទំពួន។ លោកពូមានកូន៧នាក់ កូនស្រីជាកូនច្បង និងកូនប្រុសចំនួន៦នាក់ សព្វថ្ងៃលោកពូព្រេល បម្រើការជាអ្នកយាមនៅ "អង្គការទន្លេសេសាន ស្រែពក និងសេកុង" ចំណែកឯអ្នកមីងវ៉ាន់ធ្លាប់បម្រើការជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានដូងក្រឡុកបឹងកន្សែង ប៉ុន្តែបច្ចុប្បន្នអ្នកមីងបានផ្អាកពីការងារដោយសារមានជំងឺ។ កូនទី២ឈ្មោះ កយ ចាន់ធី ជាអកុសលគាត់គមិនអាចនិយាយបាន ហេតុនេះចាន់ធីមិនមានសំណាងដូចប្អូនៗរបស់គាត់ទេ ដែលបានចូលសាលារៀន។ កូនទី៣ឈ្មោះ កយ ប៉ាន់នី អតីតសិស្សអ៊ីហ្សារ៉ាវ៉ូហ្គេល ដែលបច្ចុប្បន្នជាសិស្សថ្នាក់ទី១០ កំពុងសិក្សានៅឯទីក្រុងភ្នំពេញ។ បងប្អូនពីរនាក់គឺចាន់ធី និង ប៉ាន់នីធ្វើការនៅហាងនំប៉័ងនៅទីក្រុងភ្នំពេញ ដើម្បីជួយដោះស្រាយ និងសម្រាលជីវភាពខ្វះខាតនៅក្នុងគ្រួសារ ។ ប្រាក់ខែដែលបានមក ចាន់ធី តែងតែឧបត្ថម្ភបន្ថែមដល់ប្អូនប្រុសប៉ាន់នីដើម្បីទិញសម្ភារសិក្សា ព្រោះដូចដឹងស្រាប់ហើយនៅទីក្រុងត្រូវការចំណាយច្រើន សល់ពីនោះពេលខ្លះឆ្លៀតផ្ញើមកជួយដល់គ្រួសារនៅឯខេត្តរតនគិរី។ កូនទី៤ ឈ្មោះ កយ ម៉ាណូ ក៏ជាអតីតសិស្ស អ៊ីហ្សារ៉ាវ៉ូហ្គេលដែរ ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៦ក្នុងឆ្នាំសិក្សា ២០០៨-២០០៩ កន្លងទៅថ្មីៗនេះ ។ ម៉ាណូ ជាសិស្សល្អម្នាក់ដែលឧស្សាហព្យាយាមក្នុងការសិក្សា មានការគោរពស្រលាញ់រាប់អានពីមិត្តភ័ក្ដិរួមថ្នាក់ជាច្រើន ហើយបច្ចុប្បន្ន ប្អូនកំពុងសិក្សាថ្នាក់ ទី៧ នៅសាលា "អន្តេវាសិកដ្ឋានបានលុង”។ កូនទី៥ឈ្មោះ កយ លេវី កូនទី៦ឈ្មោះ កយ ព្រីយែល និងកូនទី៧ដែលជាកូនពៅឈ្មោះ កយ យេត្រូ។ បច្ចុប្បន្នពួកគេកំពុងសិក្សានៅសាលាអ៊ីហ្សារ៉ាវ៉ូហ្គេលថ្នាក់ទី៦ ទីប្រាំ និងទី៣។ លេវី និង ព្រីយែល សុទ្ធតែសិស្សល្អក្នុងការសិក្សា ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗរបស់សាលា ព្រមទាំងឧស្សាហព្យាយាមទៀតផង។ ក្នុងចំណោមអ្នកទាំងពីរ មិត្ររួមថ្នាក់របស់ពួកគាត់តែងគិតថា លេវី មានចរិតរម្យទម ស្លូតបូតជាង ព្រីយែល។ ព្រីយែល មានសេចក្ដីក្លាហានជាងបងប្រុសខ្លួន ហើយគាត់ក្លាហានក្នុងច្រៀងចម្រៀងផ្សេងៗ ក្រៅពីនេះគាត់តែងតែឡើងរាំបទញាក់មុនគេក្នុងពិធីជប់លៀងផ្សេងៗរបស់សាលា។ គ្រួសារត្រកូល កយ ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ក្នុងការលើកមកសរសេរជាងអត្ថបទមុនគេ ព្រោះគ្រួសារគាត់បានបង្ហាញនូវការតស៊ូក្នុងជីវិត "ជីវិតជាការតស៊ូ”។ ខ្ញុំសូមសរសើរដោយស្មោះចំពោះលោកពូព្រេល និងអ្នកមីងវ៉ាន់ ព្រោះលោកទាំងពីរស្គាល់ពីតម្លៃនៃការសិក្សាខិតខំតស៊ូជំរុញកូនឲ្យមកសិក្សាគ្រប់គ្នា។ ក្រៅពីនោះ នាពេលយប់ អ្នកទាំងពីរឆ្លៀតឱកាសសិក្សាភាសាអង់គ្លេសដោយមានកូនព្រីយែលជាអ្នកជួយបង្រៀនជារៀងរាល់យប់ នេះពិតជា "ការសិក្សាមិនរើសវ័យ”។ រតនគិរី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៩ និពន្ធអត្ថបទដោយ ហេង សុវណ្ណ |
| បានបន្ទាន់សម័យចុងក្រោយបំផុតនៅ ថ្ងៃព្រហស្បតិ៍ ទី17ខែធ្នូឆ្នាំ2009ម៉ោង15:51 |